ក្នុង​ទំព័រ​នេះ​សប្បាយ​ចង់​សំណេះសំណាល​ជាមួយ​មិត្ត​យុវវ័យ​បន្តិច​ពី​បញ្ហា​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង។
មិត្ត​យុវវ័យ​ប្រាកដ​ជា​ធ្លាប់​ឆ្លងកាត់​បទ​ពិសោធន៍​ជីវិត​ច្រើន​មក​ហើយ​ក្នុង​រយៈ​ពេល​កន្លង​មក​នេះ ជីវិត​គ្រួសារ​ ទំនាក់ទំនង​នឹង​សាច់ញាតិ​ មិត្តភ័ក្ដិ​ ជីវិត​សិក្សា ឬ អាច​មាន​បញ្ហា​ស្នេហា​ក៏​ថា​បាន​។
សប្បាយ​ចង់​ទាញ​អារម្មណ៍​យុវវ័យ​មក​ក្នុង​ទំព័រ​នេះ​ដើម្បី​ស្វែង​យល់​ពី​ចំណេះ​ដឹង​មួយ​ចំនួន​ដែល​មាន​ប្រយោជន៍​យ៉ាង​សំខាន់​ ហើយ​មាន​មនុស្ស​ជា​ច្រើន​មិន​ដឹង​ថា​នេះ​ជា​ផ្នែក​មួយ​នៃ​កត្តា​ដែល​នាំ​យើង​ទៅ​រក​ជោគជ័យ​លើ​គ្រប់​បញ្ហា​គឺ “ទំនុក​ចិត្ត​លើ​ខ្លួន​” ដូច្នេះ​មិន​ថា​យុវវ័យ​ស្ថិត​នៅ​ក្នុង​ការ​ប្រឈម​នឹង​បញ្ហា​ណា​មួយ​​ដែល​បាន​រៀប​រាប់​មក​ខាង​លើ​នេះ​ ឬ​មាន​រឿង​អ្វី​ផ្សេង​ទៀត​នោះ​ទេ អ្វី​ដែល​សំខាន់​យុវវ័យ​ត្រូវ​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​ជា​មុន​សិន។
ជា​ការ​ពិត​ណាស់​ក្នុង​ស្ថាន​ភាព​លំបាក​មនុស្ស​អាច​នឹង​បាត់​បង់​ទំនុក​ចិត្ត ដូច្នេះ​ដើម្បី​អោយ​ក្លាយ​ទៅ​ជា​មនុស្ស​ម្នាក់​ដែល​មាន​ទំនុក​ចិត្ត​ចំពោះ​ខ្លួន​ឯង​តើ​យុវវ័យ​ត្រូវ​ធ្វើ​យ៉ាង​ណា?
ខាង​ក្រោម​​នេះ​សប្បាយ​បាន​ដក​ស្រង់​យ៉ាង​សង្ខេប​ពី​គន្លឹះ​ខ្លះៗ​ដែល​នឹង​ជួយ​អោយ​យុវវ័យ​កសាង​ទំនុក​ចិត្ត​សម្រាប់​ខ្លួន​ឯង!
-​ទទួល​ស្គាល់​ថា​ខ្លួន​ឯង​ជា​អ្នក​ណា ហើយ​បញ្ជាក់​ពី​តម្លៃ​របស់​ខ្លួន។
-​ឈប់​ប្រៀប​ធៀប​ខ្លួន​ឯង​ទៅ​នឹង​អ្នក​ដទៃពី​ចំណុច​ដែល​អ្នក​មាន​ហើយ​គេ​គ្មាន គេ​មាន​តែ​អ្នក​គ្មាន។
-​ត្រូវ​ជឿជាក់​លើ​អ្វី​ដែល​អ្នក​និយាយ​និង​ធ្វើ។
-​និយាយ​យឺតៗ អោយ​ច្បាស់ ម៉ត់ចត់ និង សុភាព។
-​ចេះ​ស្ដាប់​អ្នក​ដទៃ​នឹង​អោយ​តម្លៃ​ទស្សនៈ​របស់​គេ។
-​ចេះ​ទទួល​កំហុស​ខ្លួន​ឯង ហើយ​សុំទោស​ពី​ទង្វើ​ដែល​អ្នក​ធ្វើ​ខុស។
-ត្រូវ​មាន​ហេតុផល​ចំពោះ​រាល់​ប្រធាន​បទ​ដែល​អ្នក​ចង់​និយាយ​ជា​មួយ​អ្នក​ផ្សេង។
-​កុំ​ធ្វើ​ជា​ចេះ​ចំពោះ​អ្វី​ដែល​អ្នក​មិន​ចេះ។
-​កុំ​ព្យាយាម​ចាប់​ថ្នាក់​អ្នក​ដទៃ​ដើម្បី​បញ្ជាក់​ថា​គេ​ទន់​ខ្សោយ​ ឬ​អន់​ជាង​ខ្លួន។
-​កុំ​ខ្លាច​នឹង​បង្ហាញ​បី​ទស្សនៈ​របស់​ខ្លួន។
-​មុន​នឹង​និយាយ​ ឬ ធ្វើ​ត្រូវ​គិត​យ៉ាង​ហោច​ណាស់​អោយ​បាន​ពីរ​ដង។
-​ត្រូវ​ចងចាំ​ថា​ក្នុង​ឆាក​ជីវិត​របស់​មនុស្ស​គ្មាន​នរណា​ម្នាក់​ចេះ​គ្រប់​យ៉ាង​នោះ​ទេ ហើយ​ការ​ដែល​ត្រូវ​រៀន​អ្វី​ដែល​ថ្មី​គ្មាន​អ្វី​ខុស​ឆ្គង​ទេ​ទោះ​ជា​ត្រូវ​រៀន​ពី​មនុស្ស​ដែល​មាន​វ័យ​ក្មេង​ជាង មាន​ចំណេះដឹង​ទូទៅ​ទាប​ជាង​ក៏​ដោយ។
-​នៅ​ពេល​មាន​នរណា​និយាយ​ពី​ខ្លួន​យើង​ ហើយ​នោះ​គឺ​ជា​រឿង​ខុស​ យើង​ត្រូវ​តវ៉ា​ដើម្បី​បញ្ជាក់​ថា​នោះ​គី​ជា​រឿង​មិន​ពិត។
-​មិន​ត្រូវ​មាន​ទំនុក​ចិត្ត​ជ្រុល​ពេក​ទេ ការ​មាន​ទំនុក​ចិត្ត​ជ្រុល​ពេក​អាច​មាន​ផល​អាក្រក់​ដូច​ការ​ខ្វះ​ទំនុក​ចិត្ត​ដែរ។
សប្បាយៈ យុវវ័យ​ចង់​បាន​អ្វី? ចង់​ធ្វើ​អ្វី​? ចង់​សម្រេច​អ្វី? យុវវ័យ​គួរ​សម្រេច​កិច្ចការ​ទី​មួយ​សិន​ គឺ​ត្រូវ​សាង​ទំនុក​ចិត្ត​អោយ​ខ្លួន​ឯង។ ដូច​ប្អូន​ៗ​ដែល​ត្រូវ​ប្រឡង​ទុតិយភូមិ​នៅ​ឆ្នាំ​នេះ​ត្រូវ​មាន​ទំនុក​ចិត្ត​ថា​ប្អូន​នឹង​ប្រឡង​ជាប់​៕
បកប្រែៈ ស្រ៊ុន ម៉េងគាង